ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីភាពចម្រុះរបស់ខ្មែរគ្រប់និន្នាការ និងភាពរីកចម្រើនដ៏ស្រស់ស្អាត នៃកម្ពុជា នាពេលបច្ចុប្បន្ន ឆ្ពោះទៅអនាគត
(ភ្នំពេញ)៖ ព្រឹត្តិការណ៍«សាទរកម្ពុជា» បានបង្ហាញពីភាពចម្រុះរបស់ខ្មែរគ្រប់និន្នាការ និងបានបង្ហាញពីភាពរីកចម្រើនដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ឆ្ពោះទៅអនាគតកម្ពុជាប្រកបដោយវិបុលភាព ក្នុងស្មារតីខ្មែរតែមួយ ទង់ជាតិតែមួយ ភាសាតែមួយ ក្រោមម្លប់នៃព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រឹត្តិការណ៍នេះបានអង្រួនបេះដូងប្រជាជនខ្មែរគ្រប់ៗរូបឱ្យរឹងរឹតតែបង្កើនក្ដីស្រលាញ់ពោរពេញទៅដោយមោទនភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរទទួលបាននូវរសជាតិថ្មីនៃពិធីឆ្លងឆ្នាំ ដែលកម្ពុជាមិនធ្លាប់មានជាមួយស្នាមញញឹម ក្តីរំភើប សេចក្តីសុខ និងសុភមង្គល រួមទាំងឱកាសនៃការសាទរសមិទ្ធផលដែលបុគ្គលម្នាក់ៗ ក៏ដូចជាសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលដែលសម្រេចបានកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ ឍ។

ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនេះ បានក្លាយជាស្មារតីនៃក្តីស្រឡាញ់សម្រាប់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតតរៀងទៅ ហើយរួមគ្នាការពារសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំប្រទេសជាតិឱ្យសម្រេចបានសមិទ្ធផលដ៏មហិមានាថ្ងៃអនាគតជាបន្ត៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សួង ពិសិដ្ឋ









