សម្ដេចធិបតី រួមជាមួយភរិយា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលបានទទួលមរណភាពដោយរោគាពាធ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត នារសៀលថ្ងៃព្រហស្បតិ៍ ទី២ មករា ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។
សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។
យោងតាមសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សម្ដេចធិបតី និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា លោក ជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃ ពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចធិបតី និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ព្រមទាំង ក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការ បាត់បង់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក ដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល លើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃ យើងជារៀងរហូតមក។
ជាមួយគ្នានេះ សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ យស់ ស៊ីមន សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីសម្ដេចធិបតី និងភរិយា ៕
ដោយ ៖ វណ្ណលុក