មេដឹកនាំពិភពលោកថ្កោលទោសករណីបើកឡានបុករះនៅទីក្រុង New Orleans
វ៉ាស៊ីនតោន ៖ ក្រុមមេដឹកនាំពិភពលោកចេញមុខថ្កោលទោសករណីបើកឡានបំបុកហ្វូងមនុស្សកាលពីថ្ងៃទី១ ខែមករា នៅទីក្រុង New Orleans រដ្ឋ Louisiana របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ជនបង្កហេតុត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីរូបគេព្យាយាមបាញ់តដៃ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ទីក្រុង New Orleans ជាទីគោរពស្រឡាញ់ចេញពីបេះដូងរបស់ជនជាតិបារាំង ត្រូវបានវាយប្រហារដោយអំពើភេរវកម្ម។
លោក Macron បាននិយាយថា ចិត្តគំនិតរបស់យើង គឺស្ថិតនៅជាមួយគ្រួសារជនរងគ្រោះ និងអ្នករងរបួស ក៏ដូចជាជាមួយប្រជាជនអាមេរិកដែលរងទុក្ខសោក។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះនៅលើ X ថា រន្ធត់ណាស់ចំពោះការវាយប្រហារនៅទីក្រុង New Orleans ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។
យើងជឿជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់នេះ នឹងត្រូវបានកាត់ទោស។ អំពើហិង្សា អំពើភេរវកម្ម និងការគំរាមកំហែងដល់អាយុជីវិតមនុស្សមិនមានកន្លែងនៅក្នុងពិភពលោករបស់យើង ហើយមិនត្រូវអត់ឱនឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហោះសារនៅលើ X ថា ចិត្តគំនិតរបស់ខ្ញុំ គឺស្ថិតនៅជាមួយជនរងគ្រោះ និង ក្រុមគ្រួសាររបស់ពួកគេ រួមទាំងអ្នកសង្គ្រោះបន្ទាន់ និងប្រជាជនអាមេរិកនៅពេលកើតមានសោកនាដកម្មនេះ។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហោះសារនៅលើ X ថា នេះគឺជាព័ត៌មានដ៏គួរឱ្យភ័យខ្លាចពីទីក្រុង New Orleans។ មនុស្សដែលប្រារព្ធពិធីយ៉ាងសប្បាយរីករាយ តែត្រូវបានហែកហួរជីវិត ឬរងរបួសដោយការស្អប់ខ្ពើម។ យើងសូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ហើយសូមជូនពរអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា