Biden ផ្តល់មេដាយដល់អ្នករិះគន់លោក Trump
បរទេស ៖ ប្រធានាធិបតីអាមេរិកចប់អាណត្តិ លោក Joe Biden បានផ្តល់រង្វាន់ ជាមេដាយបម្រើជាតិ ដល់លោកស្រី Liz Cheney ដែលជាអ្នករិះគន់ខ្លាំងក្លា លើលោក Trump។
លោកស្រី Liz Cheney ដែលជាអតីតសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ទទួលបានមេដាយនេះ នៅបន្ទាប់ពីប្រធានាធិបតី ត្រៀមចូលកាន់តំណែង លោក Donald Trupm បានព្រមានថា លោកស្រីអាចមានបញ្ហាច្រើន ជាមួយច្បាប់ នៅពេលដែលលោកចូលគ្រប់គ្រងសេតវិមាន ឡើងវិញ។
ក្រៅពីលោកស្រី Cheney ក៏មានមនុស្ស១៩នាក់ផ្សេងទៀត បានទទួលមេដាយនេះដែរ។ លោក Biden បាននិយាយ ក្នុងអំឡុងពេលពិធីនោះថា នេះគឺជាមេដាយឆ្លុះបញ្ចាំងពីទង្វើគំរូនៃការ បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។
សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានបញ្ចេញសំឡេងក្នុងបុព្វហេតុការពារជាតិ និងឧត្តមគតិដែលឈរលើ សេរីភាព និង សេចក្តីថ្លៃថ្នូរ។ ប្រភពបានបន្ថែមថា «លោកស្រីជាមនុស្សមានភាពស្មោះត្រង់ និង ភាពក្លាហាន»។
លោកស្រី Cheney អាយុ ៥៨ឆ្នាំបានក្លាយជាសំឡេងប្រឆាំង Trump ដ៏លេចធ្លោ នៅក្នុងគណបក្សសាធារណៈរដ្ឋ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ លោកស្រីបានបាត់បង់អសនៈ ក្នុងសភា នៅឆ្នាំ២០២២ ទៅបេក្ខជនដែលគាំទ្រលោកTrump ។
លោកស្រីក៏បានធ្វើយុទ្ធនាការ ជាមួយអនុប្រធានាធិបតី Kamala Harris ជាបេក្ខភាពប្រធានាធិបតី តំណាងគណបក្សប្រជាធិបតេយ្យ ដែលទើបចាញ់ការបោះឆ្នោតលោក Trump កាលពីខែវិច្ឆិកា ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត