កេសរកូល”ពីងពាងព័ទ្ធសម្បុក” ច្រើនចេញផ្កានៅចុងរដូវប្រាំងនិង មានដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ កេសរកូលឬហៅថា(អរគីដេ)ពីងពាងព័ទ្ធសម្បុក ដែលមានឈ្មោះតាមវិទ្យាសាស្រ្តថា Arachinis labrosa គេច្រើនប្រទះឃើញ មានវត្តមាននៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឧទ្យានជាតិជួរភ្នំក្រវាញ និងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ”ជាដើម។
ឯកឧត្តម បណ្ឌិត សាមអ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ពីងពាងព័ទ្ធសម្បុក ជាប្រភេទកេសរកូលដុះតោងជាប់នឹងដើមឈើ ជួនកាលដុះជាប់នឹងថ្ម។ វាមានតួដើមវែងស្រដៀងវល្លិ មានស្លឹកច្រើនដុះជិតគ្នាជា២ជួរ ហើយស្លឹកមានស្ទប គ្មានរោម។
រុក្ខជាតិប្រភេទនេះគេអាចសង្កេតឃើញកេសរកូលពីងពាងព័ទ្ធសម្បុកចេញផ្កានៅចុងរដូវប្រាំង។ ផ្កាមានលក្ខណៈកញ្ចុំផ្កាចំហៀងជាចង្កោម និងមានផ្កាដុះឃ្លាតពីគ្នា។
កេសរកូលប្រភេទនេះគេច្រើនឃើញ ដុះនៅលើដើមឈើធំៗ និងលើថ្ម ក្នុងព្រៃតូចៗ ក្នុងរយៈកម្ពស់ពី ៨០០ ដល់ ១៧០០ម៉ែត្រ។
បើយោតាមសៀវភៅមគ្គទេសក៍ ស្តីពី កេសរកូលព្រៃកម្ពុជាវិញបានឱ្យដឹងថា៖កេសរកូល ពីងពាងព័ទ្ធសម្បុក មានដើមកំណើតផងដែរនៅឥណ្ឌា ភូមា ថៃ ចិន តៃវ៉ាន់ វៀតណាម និងប៉ូតង់ ។
គួរបញ្ជាក់ថា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយបានរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ក្រសួងកសិកម្មបានឱ្យដឹងដែរថាការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។សម្រាប់ ការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភេទកេសរកូលព្រៃទាំងនេះ ដែលខ្លះមានរកឃើញវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ៕





ដោយ ៖ ម៉ាដេប៉ូ