កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន

បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីវាបានឆ្លង ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសុក្រនេះ។

យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា «មីស៊ីលមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូល ទៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់..របាយការណ៍មួយបង្ហាញថា គ្រាប់ផ្លោងពីការស្ទាក់ចាប់ បានធ្លាក់នៅតំបន់ Modi’in នៅកណ្តាលអ៊ីស្រាអែល…ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការត្រួតពិនិត្យ»។

អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានរាយការណ៍ថា ខ្លួនបានព្យាបាលមនុស្សមួយចំនួន ដែលរងរបួស ឬ ជួបប្រទះការវាយប្រហារភ័យស្លន់ស្លោ នៅពេលធ្វើដំណើរ ទៅកាន់ទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើងនៅកណ្តាល និងភាគខាងត្បូង ប្រទេស។

កាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបានបាញ់ចេញពីប្រទេសយេម៉ែនផងដែរ។ ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ គ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម ហើយបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល និងនៅកប៉ាល់ លើសមុទ្រក្រហម និងឈូងសមុទ្រអាដែន ជាអ្វីដែលពួកគេនិយាយថា បង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner