មន្ត្រី៖ ករណីផ្ទុះឡាន Tesla ជនសង្ស័យបាញ់ខ្លួនឯងចំក្បាលជាមុន
អាមេរិក៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានកងកម្លាំងពិសេស ដែលបានបំផ្ទុះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារ Trump International ក្នុងទីក្រុង Las Vegas បានបាញ់ខ្លួនឯងចំក្បាល មុនពេលមានការផ្ទុះឡាន ប៉ុន្តែ អាជ្ញាធរបន្ថែមថា នៅតែមិនទាន់ដឹងថា នរណាជាអ្នកជំរុញឲ្យជនសង្ស័យ ធ្វើរឿងនេះ។
អាជ្ញាធរបាននិយាយថា ជនសង្ស័យដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew Alan Livelsberger គឺជាសមាជិកនៃកងកម្លាំងវរជន Green Beret ដែលហាក់ដូចជា បានធ្វើអត្តឃាត នៅក្នុងរថយន្ត Cybertruck ដែលផ្ទុកទៅដោយធុងសាំង និងកាំជ្រួច។
មន្ត្រីបានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Las Vegas ថា ជនសង្ស័យមានរបួស ដោយគ្រាប់កាំភ្លើងចំក្បាល ហើយកាំភ្លើងមួយ ត្រូវបានគេរកឃើញ នៅនឹងជើងរបស់គេ។
ភ្នាក់ងារពិសេសរបស់ FBI លោក Spencer Evans បាននិយាយថា «នរណាជាអ្នកលើកទឹកចិត្តជនសង្ស័យ ឲ្យធ្វើបែបនេះ មិនត្រូវបានដឹងនោះទេ ខណៈដែលអ្នកស៊ើបអង្កេតចាត់ទុកឧបទ្ទវហេតុថា ជាអំពើភេរវកម្ម ដ៏ធ្ងន់ធ្ងរ»។
រូបភាពវីដេអូ នៅខាងក្រៅសណ្ឋាគារ Trump International Hotel បង្ហាញពីឡានដែកអ៊ីណុក ដែលចតនៅច្រកចូលអគារ កាលពីព្រឹកថ្ងៃពុធ។ បន្ទាប់មក បានផ្ទុះជាអណ្តាតភ្លើង ហើយក៏មានការផ្ទុះតូចៗផ្សេងទៀត ដែលស្រដៀងនឹងកាំជ្រួច។ មនុស្សម្នាក់ស្លាប់ និង៧នាក់ទៀត បានរងរបួស ក្នុងការបំផ្ទុះនេះ។
អគារយីហោ Trump មួយនេះ
បានបើក នៅឆ្នាំ២០០៨ គឺជាផ្នែកមួយរបស់អាជីវកម្មគ្រួសារ របស់ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សសាធារណរដ្ឋ។
លោក Evans បាននិយាយថា អាចមានការពាក់ព័ន្ធនឹងប្រធានាធិបតីជាប់ឆ្នោត និងម្ចាស់ក្រុមហ៊ុន Tesla ដែលជាបុរសមានបំផុតរបស់ពិភពលោក និងជាអ្នកគាំទ្រ Trump ដ៏លេចធ្លោ គឺ លោក Elon Musk។ «ប៉ុន្តែយើងមិនមានព័ត៌មានលម្អិតបន្ថែម ឈានដល់នៅចំណុចនេះទេ តែ អាចត្រូវបានជំរុញ ដោយមនោគមវិជ្ជាជាក់លាក់ណាមួយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត