អ្នកជំនាញ បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត
(ភ្នំពេញ)៖ ក្នុងរចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល ៥ខែមក ។
អាជ្ញាធរជាតិ អប្សរាបានឱ្យដឹងនៅថ្ងៃទី៣ ខែ មករា ថា ៖ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង ។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។
លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។
ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និងកម្រាលដែលបានហែកចេញពីគ្នា។
គួរបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៤កន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រូវត្រូវ ដែលធ្វើឱ្យបណ្ណាល័យនេះ មានភាពរឹងមាំនិងមានសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប ដែលតែងតែចេញ-ចូលទៅទស្សនា ៕









ដោយ ៖ ម៉ាដេប៉ូ