ចិនចាយជាង ១៣០ពាន់លានដុល្លារសង់ទំនប់វារីអគ្គិសនីធំបំផុតក្នុងលោក

ប៉េកាំង ៖ ជាចក្ខុវិស័យដ៏វែងឆ្ងាយដែលបម្រើដល់គោលដៅកាត់បន្ថយការបញ្ចេញកាបូន និងអព្យាក្រឹតកាបូន ប្រទេសចិនហ៊ានចាយលុយជាង ១៣៧ពាន់លានដុល្លារសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅគែមភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

គម្រោងទំបន់វារីអគ្គិសនីខ្នាតយក្សរបស់ចិននេះ មានទីតាំងនៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo ហើយយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនចិន Power Construction Corp កាលពីឆ្នាំ ២០២០ បានឱ្យដឹងថា ទំនប់នេះមានសមត្ថភាពផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

ទំហំផលិតអគ្គិសនីនេះ គឺធំជាងទំនប់ពីមុនដល់ទៅ៣ដង នៃសមត្ថភាពរបស់ទំបន់វារីអគ្គិសនី Three Gorges ដែលអាចផលិតអគ្គិសនីបានត្រឹម ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។

យ៉ាងណា អាជ្ញាធរចិនមិនបានបញ្ជាក់ទេ ថាតើមានប្រជាជនប៉ុន្មាននាក់ ដែលរងផលប៉ះពាល់ ហើយត្រូវផ្លាស់ទីលំនៅចេញ និងអំពីផលប៉ះពាល់ជាក់លាក់លើប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ប៉ុន្តែមន្រ្តីចិនធ្លាប់បានអះអាងថា គម្រោងសាងសង់ទំនប់ដ៏ធំមហិមារនេះ នឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមនៃទន្លេនោះទេ។

ផ្អែកតាមការចេញផ្សាយពីសារព័ត៌មាន Interesting Engineering បានឱ្យដឹងថា ទំហំនៃការវិនិយោគលើគម្រោងសាងសង់ទំនប់ទាំងមូល ត្រូវបានរំពឹងថា អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ១៣៧ពាន់លានដុល្លារ ដោយរាប់ទាំងការចំណាយផ្នែកវិស្វកម្ម ហើយតួលេខនេះកើនឡើងលើសតម្លៃសាងសង់ទំនប់ Three Gorges ដែលចំណាយត្រឹមតែ ៣៤,៨ពាន់លានដុល្លារប៉ុណ្ណោះ៕

ប្រភព ៖ រ៉យទ័រ និង Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner