កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥
ភ្នំពេញ ៖ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១១។ កម្មវិធីនេះជា ការឆ្លើយតបជាយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម និងត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍប្រតិបត្ដិការអាជីវកម្ម និងពង្រឹង ឬពង្រីកលទ្ធភាពចូលទីផ្សាររបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។
ចាប់តាំងពីឆ្នាំ ២០២០មក កម្មវិធីនេះត្រូវបានអនុវត្តចំនួន ១០ជុំ រួចមកហើយ និងបានទទួលពាក្យស្នើសុំ ពីសហគ្រាសជិត ២,០០០ ដែលមកពី ២៥ខេត្ដនិងរាជធានី។ សហគ្រិនខ្មែរបានគាំទ្រជាថវិកា ក្នុងទំហំទឹកប្រាក់ ប្រមាណជា ១.៤ លានដុល្លារសហរដ្ឋអាមេរិកទៅដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាង ២០០។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីបង្កើនផលិតភាព តាមរយៈផលិតកម្មដែលប្រើម៉ាស៊ីន, ពង្រឹងធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ, និងពង្រីកលទ្ធភាពចូលទីផ្សារ តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា កម្មវិធីកញ្ចប់ជំនួយនេះជាយន្ដការយុទ្ធសាស្រ្ដ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទំហំ ប្រតិបត្ដិការរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាសសរស្ដម្ភសំខាន់មួយសម្រាប់ កំណើនសេដ្ឋកិច្ច។ សហគ្រិនខ្មែរនឹងបន្តធ្វើការជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ក្នុងការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីឱ្យស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
តាមរយៈគំនិតផ្តួចផ្តើមនេះ សហគ្រិនខ្មែរ សូមអញ្ជើញធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលដាក់ពាក្យស្នើសុំជំនួយនេះ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន៕ អត្ថបទ ៖ ឈឹម ទីណា