យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ស្លាប់និងរបួសមនុស្ស២០នាក់

បរទេស៖ ប៉ូលីសបាននិយាយថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារពាណិជ្ជកម្ម Fullerton នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នេះបើតាមកាសែត BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះម៉ាស៊ីនតែមួយ RV-10 ផលិតដោយក្រុមហ៊ុន Van បានធ្លាក់ នៅពេលរសៀល ថ្ងៃព្រហស្បតិ៍ ប៉ុន្តែ
មន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញរបៀបនៃការធ្លាក់នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា តើអ្នកស្លាប់ទាំងពីរនាក់ គឺជាបុគ្គលិកធ្វើការក្នុងអគារ ឬ ជាអ្នកជិះយន្តហោះ។ យ៉ាងណាមិញ ប៉ូលិសបានជម្លៀសមនុស្សពីអគារនានា នៅក្នុងតំបន់ ហើយស្នើឱ្យសាធារណជន នៅឱ្យឆ្ងាយពីកន្លែងធ្លាក់យន្តហោះ។

បើតាមលោក Lou Correa សមាជិកសភា ប្រចាំតំបន់ Orange County នៃទីក្រុង Los Angeles បានអះអាង តាមរយៈបណ្តាញសង្គម X ថា អគារដែលត្រូវបានវាយប្រហារ គឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ លោក Correa បាននិយាយថា មានជនរងគ្រោះរាប់សិបនាក់ ដែលជាអ្នកធ្វើការ នៅរោងចក្រ។

ខ្សែអាត់វីដេអូសន្តិសុខ ដែលថតបានពីអគារមួយ នៅតាមផ្លូវ បានបង្ហាញពីការផ្ទុះយ៉ាងខ្លាំង នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។ យោងតាមកាសែត Orange County Register បានឱ្យដឹងថា មនុស្សប្រហែល ១០០ នាក់ត្រូវបានជម្លៀសចេញ ពីរោងចក្រគ្រឿងសង្ហារឹម Michael Nicholas Designs ។

ជាមួយគ្នានេះ បុគ្គលិកជានារីម្នាក់បានប្រាប់ថា គេបានលឺសំលេងខ្លាំងៗ មុនពេលឃើញដុំភ្លើងដ៏ធំមួយហោះមករករូបគេ ដោយនាងអះអាងថា មានអារម្មណ៍ ដូចជា នៅក្នុងសុបិន។

បើតាមកាសែត BBC បានឲ្យដឹងថា នេះជាយន្តហោះទី២ ដែលធ្លាក់ក្នុងតំបន់នេះ ត្រឹមរយៈពេល២ខែ។ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា យន្តហោះមួយគ្រឿង បានធ្លាក់ចូល ទៅក្នុងដើមឈើ ចម្ងាយប្រហែលមួយប្លុក ពីការធ្លាក់ចុងក្រោយនេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner