ចុះបង្រ្កាបជនល្មើសលួចសង់រោងដើម្បី កាន់កាប់ដីព្រៃខុសច្បាប់នៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ

(ភ្នំពេញ)៖ ជនល្មើសដែលបានលបលួចសង់រោង នៅទីតាំងដីព្រៃមួយកន្លែងក្នុងគោលបំណងដើម្បីរុករាន ក៏ដូចជាកាន់កាប់ខុសច្បាប់នោះ ត្រូវបាន មន្រ្តីនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើការរុះរើចោល និងប្រមូលភ័ស្តុតាងដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ៖ ក្នុងការចុះបង្រ្កាបជនល្មើសកាន់កាប់ដីព្រៃខុសច្បាប់នេះធ្វើឡើងដោយឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ក្នុងទីតាំងមួយកន្លែងនេះត្រូវបានជនល្មើសសាងសង់ជា គ្រោងរោងធ្វើអំពីឈើ១ខ្នង ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ។

ភ័ស្តុតាងរបស់ជនល្មើសទាំងនេះត្រូវបានក្រុមការងារនាំយកមកថែរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចេញបញ្ជាតឹងរឹងមួយកាលពីអំឡុងដើមឆ្នាំ២០២៤ កន្លងមកនេះ ដោយឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។

ជាមួយនឹងការចេញបញ្ជាដ៏តឹងរឹងនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានដាក់ចេញនូវវិធានការចំនួន៤ផងដែរ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព រួមមានដូចជា៖

១) អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ។

២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ។

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ។

៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើនគម្របព្រៃ ជាពិសេសជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner