គេហទំព័រឌីជីថលទេសចរណ៍ Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ ដែលជាទិសដៅចូលឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៉ី
(ភ្នំពេញ)៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។
Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត ។
ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង ១លាន ៥សែននាក់មកទស្សនា ។ នេះជាការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ ។
ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសពេលមានពិធីបុណ្យធំៗ ដូចជា ព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យ ដែលមិនធ្លាប់មានពីមុនមក ៕
ដោយ ៖ ហេង សម្បត្តិ






