លោកស្រី Paetongtarn មានទ្រព្យ ៤០០លានដុល្លារ

បាងកក ៖ អង្គភាពប្រឆាំងអំពើពុករលួយថៃ ហៅកាត់ NACC កាលពីថ្ងៃសុក្រ បានប្រកាសថា លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra មានទ្រព្យសម្បត្តិសរុបជិត ១៤ពាន់លានបាត ឬ ជាង៤០០លានដុល្លារអាមេរិក។

បើតាមការចុះផ្សាយ របស់កាសែត The Nation អង្គភាព NACC បានបញ្ជាក់ថា កូនស្រីមហាសេដ្ឋីរូបនេះ បានប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួន នៅពេលចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាកាតព្វកិច្ច។ យោងតាមគណៈកម្មការ ទ្រព្យសម្បត្តិសរុបរបស់លោកស្រីមានចំនួន ១៣.៨៤ពាន់លានបាត ខណៈដែលបំណុលមានចំនួន ៤.៤ពាន់លានបាត ឬ ជិត ១៣០លានដុល្លារ ដែលទើបត្រូវបានបង្ហាញ នាពេលនេះ។

សេចក្តីប្រកាសរបស់ NACC ក៏បានបង្ហាញផងដែរថា បំណុលស្ទើរតែទាំងអស់
របស់លោកស្រី ផែថងថាន ជំពាក់តែមនុស្ស ៥នាក់ ដែលសុទ្ធសឹងជាសាច់ញាតិ របស់លោកស្រី នេះបើតាមកាសែត The Nation។

បើតាមកាសែត AFP យោងលើការបញ្ជាក់របស់គណបក្សភឿថៃ ទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី រួមមានទាំង កាបូបដៃ និងនាឡិកាដៃប្រណិតៗ តម្លៃប្រមាណ ៧លានដុល្លារ ផងដែរ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner