ចាប់ពីថ្ងៃទី៦ មករា ២០២៥ សម្លេងស៊ីរ៉ែនគោរពទង់ជាតិម៉ោង ៧ព្រឹក ក្នុងក្រុងបាត់ដំបង នឹងជំនួសដោយសម្លេងច្រៀង បទ នគររាជ-គោរពទងជាតិ
(ខេត្តបាត់ដំបង)៖ ក្រុមការងារបច្ចេកទេស នៃរដ្ឋាករទឹកបាត់ដំបង បានខិតខំពន្លឿនការរៀបចំនូវឧបករណ៍បំពងសម្កេង ដើម្បីជំនួសសម្លេងស៊ីរ៉ែនដែលធ្លាប់តែបន្លឺឡើង នៅរៀងរាល់ថ្ងៃ វេលាម៉ោង៧ព្រឹក ដោយត្រូវបានជំនួសវិញនូវសម្លេងច្រៀងគោរពទង់ជាតិ នៅម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃជំនួសវិញ ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ។

ឯកឧត្តម អ៊ុត ក្លឹង បន្តថា ៖ ដោយមានការណែនាំ និងសំណូមពរពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យរដ្ឋាករទឹកបាត់ដំបង រៀបចំផ្លាស់ប្តូរសម្លេងស៊ីរ៉ែន ដែលតែងតែបន្លឺឡើងក្នុងក្រុងបាត់ដំបង ជារៀងរាល់ថ្ងៃ នៅវេលាព្រឹកម៉ោង ៧ ដើម្បីឲ្យមន្ត្រីរាជការ និងសាធារណជន បានគោរពទង់ជាតិនៅតាមទីកន្លែងនិងដងផ្លូវនោះ ត្រូវបានជំនួសវិញ នូវសម្លេងច្រៀងបទនគររាជ ដើម្បីគោរពទង់ជាតិ ជំនួសសម្លេងស៊ីរ៉ែន ចាប់ពីថ្ងៃច័ន្ទទី៦ ខែមករា ឆ្នាំ២០២៥រហូតតរៀងទៅ ។

ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា ៖ ស៊ីរ៉ែនដែលធ្លាប់តែបន្លឺសម្លេងជារៀងរាល់ថ្ងៃ នៅវេលព្រឹកម៉ោង៧ នៅក្នុងក្រុងបាត់ដំបង កន្លងមកនេះគឺបន្សល់តាំងពី សម័យបារាំងមកម៉្លេះហើយសម្លេងស៊ីរ៉ែននេះត្រូវបានប្រើប្រាស់រហូត ។ វាលែងតែនៅក្នុងរបបខ្មែរក្រហម ប៉ុល ពត ប៉ុណ្ណោះ ។

ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ អាជ្ញាធរខេត្តបាត់ដំបង បានកំណត់ឲ្យប្រើប្រាស់សាជាថ្មីឡើងវិញ ដោយបន្លឺសម្លេងស៊ីរ៉ែន ជារៀងរាល់ថ្ងៃ នៅម៉ោង៧ព្រឹក។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបង ក៏បានអំពាវនាវដល់សាធារណជ ទូទៅសូមចូលរួមគោរពទង់ជាតិតាមរយៈនៃការបន្លឺចម្រៀងបទ”នគររាជគោរពទង់ជាតិ”នៅក្នុងឧគ្ឃោសនស័ព្ទ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៧ព្រឹក ដែលជំនួសនូវសម្លេងស៊ីរ៉ែន កន្លងមក ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

