ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែឆ្លាតវាងវៃមានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាល្អផងដែរ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ជាពិសេសក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតជាសំខាន់ទៅលើធនធានមនុស្ស ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតសម្រាប់បន្តដឹកនាំប្រទេសជាតិតទៅអនាគត។ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេតែថែមទាំងប្រកបដោយចរិយាល្អផងដែរ។
នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងនូងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសិស្សានុសិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង រកឃើញនូវទេពកោសល្យរបស់ខ្លួន ដែលការប្រឡងប្រណាំងនេះបានធ្វើឱ្យសិស្សានុសិស្សរកឃើញនិងបង្ហាញនូវអ្វីដែលជាភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន និងបានចាត់ទុកសិស្សានុសិស្សទាំងអស់ថាជាក្តីសង្ឃឹម នៃអនាគតរបស់ប្រទេសជាតិ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឪពុកម្ដាយអាណាព្យាបាលសិស្សដែលបានវិនិយោគលើការសិក្សារបស់កូនដើម្បីអនាគតគ្រួសារនិងប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នករៀបចំការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ដោយបានចាត់ទុកថានេះជាកិច្ចការសំខាន់ដែលជំរុញឱ្យកម្ពុជាបានដើរទាន់ប្រទេសដទៃ ហើយអ្វីដែលសឹង្ហបុរីបានធ្វើនេះក៏ជាការវិនិយោគដើម្បីអនាគតរបស់ប្រទេសសិង្ហបុរីផងដែរពីព្រោះសឹង្ហបុរីមិនអាចលូតលាស់បានទេប្រសិនបើបណ្ដាប្រទេសក្នុងតំបន់អាស៊ានមិនលូតលាស់នោះ។
លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឆ្លើយតបនិងបានចូលរួមក្នុងបុព្វហេតុនេះ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី កសាងបុរីជនបទធ្វើយ៉ាងណាឱ្យគ្រប់តំបន់នៅទូទាំងប្រទេសកម្ពុជាមានទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាបានទៅដល់គ្រប់ទីកន្លែងទាំងអស់, លុបបំបាត់បញ្ហាគ្រឿងញៀននិងក្មេងទំនើង ដោយកសាងភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋនោះសន្តិភាពនឹងនៅជាមួយយើងទាំងអស់គ្នាជារៀងរហូត៕
ដោយ / គ្រី សម្បត្តិ