សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់
(ភ្នំពេញ)៖ សមាជិកថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់ ត្រូវបានប្រកាសបញ្ចូលសមាជិករបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ក្នុងខណ្ឌចំកាមន ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកឡើងថា ៖ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា ។ បើគ្មានថ្ងៃ ៧មករា ទេ មិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន ៧៣៣៤៥៣នាក់ ។ គណបក្សប្រជាជនកម្ពុជា បានអូសទាញ គណបក្សដទៃ ឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន ៤២៥៩នាក់ ដោយយើងបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១នាក់ ហើយ ១៨១៨នាក់ទៀត យើងបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មីនាព្រឹកនេះ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកឡើងថា ៖ ពិធីនេះធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមគណៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ៖ រូបសម្ដេចបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្វាញដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ ៥នាក់ប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ ។

សម្ដេច បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាពគ្រប់ឧបសគ្គដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ ៕
ដោយ ៖ ហេង សម្បត្តិ



