កសិករកម្ពុជា ចូលចិត្តដាំចន្ទីពូជ M23 ជិត ៧០ភាគរយ ពីព្រោះជាចន្ទីមានទីផ្សារល្អ និងតម្លៃខ្ពស់
(ភ្នំពេញ)៖ចន្ទីពូជ M23 ដែលជាពូជថ្មី ស្រាវជ្រាវរកឃើញ និងបង្កាត់ដោយអ្នកជំនាញខ្មែរនោះ កំពុងក្លាយជាទីល្បីឈ្មោះទាំងក្នុង និង ក្រៅប្រទេស ដោយសារវាមានគ្រាប់ធំ មានរសជាតិឈ្ងុយឆ្ងាញ់លើសគេ។ក្រៅពីនេះវា កំពុងពេញនិយមលើទីផ្សារ និងតម្លៃវិញក៏ខ្ពស់ផងដែរ។
ពូជស្វាយចន្ទីប្រភេទនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់ទិន្នផលបានខ្ពស់ជាងពូជផ្សេងៗទៀត។ជាទូទៅចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ពិសេសជាងនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។
ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានប្រាប់ឱ្យដឹងថា៖គិតមកដល់ដើមឆ្នាំ២០២៥នេះចន្ទីពូជ M23 កសិករកម្ពុជាដាំបានប្រមាណជិត៧០ភាគរយក្នុងចំណោមដំណាំចន្ទីប្រភេទដទៃទៀត ដែលមានន័យថាការដាំពូជថ្មីនេះក្លាយជាទីពេញនិយមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ព្រោះថាចន្ទីប្រភេទនេះក្រៅពីផ្តល់ទិន្នផលខ្ពស់ ប្រមូលផលបានច្រើនដងហើយ នៅមានរសជាតិឈ្ងុយឆ្ងាញ់លើសគេបើប្រៀបធៀបទៅនឹងចន្ទីប្រទេសដទៃទៀត។
លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមានច្រើនជាងគេ មានរហូតដល់២៩ភាគរយ។ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ ម្ល៉ោះហើយធ្វើឱ្យគេនិយមទិញបរិភោគច្រើនណាស់នាកន្លងមក”។
លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹង ឆ្នាំ២០២៣កន្លងមក។ចំនួននេះមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យ ការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។សម្រាប់ ១២ខែនេះដែរ ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ តោន ។
ប្រធានសមាគមន៍គ្រាប់ចន្ទីកម្ពុជារូបនេះអះអាងថា”បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
ឯកឧត្តម វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកស្រាវជ្រាវពូជចន្ទីបានឱ្យដឹងនាកន្លងថ្មីៗទៅនេះថា៖ប្រវត្តិនៃការស្រាវជ្រាវរកពូជ ចន្ទី M23 នេះកើតឡើងដោយរូបលោកផ្ទាល់ និងពូជនេះបានជ្រើសរើសពីចំណោម ដើមចន្ទីប្រមាណ៤សែនដើម និងទំហំដីជាង២ពាន់ហិកតារបស់ខ្មែរយើងនាកន្លងមក។កាលនោះទោះយកពូជពីវៀតណាម និងថៃ មកក៏ការដាំហើយគ្រាប់មិនល្អដែរ ម្ល៉ោះហើយលោកទើបសម្រេចចិត្ត ជ្រើសរើសចេញពីពូជក្នុងចំការរបស់ខ្លួនឯងវិញ។ក្នុងនេះលោកបានជ្រើសរើសពូជពី ដើមចន្ទីណាដែលមានផ្លែច្រើន គ្រាប់ធំ សម្រាប់ផ្សំាយកមកទុកធ្វើពូជ។ទីបំផុតបានជ្រើសរើសពូជ ហើយធ្វើការបង្កាត់រហូតទទួលបានលទ្ធផលយ៉ាងជោគជ័យរហូតដល់សព្វថ្ងៃ។
ឯកឧត្តម វ៉ារុនសានបានបញ្ជាក់បន្ថែមថា៖ពូជចន្ទី M23នេះជាទូទៅមានផ្កា៣ដងក្នុងមួយរដូវ ផ្កាលើកទី១ ក្នុងរង្វង់ខែវិច្ឆិកា ប្រហែលមិនលើស ២០ភាគរយនៃត្រួយដើមរបស់វាទេ។ផ្កាលើកទី២នៅចុងខែធ្នូ ប្រហែល៦០ភាគរយ និងផ្កាលើកទី៣ វានឹងចេញផ្កាសម្រាប់ត្រួយដែលនៅសេសសល់ក្នុងអំឡុងខែកុម្ភៈ ហេតុនេះហើយទើបវាបានក្លាយជាចន្ទីដែលមានលក្ខណៈពិសេស ព្រោះចន្ទីជាទូទៅផ្កាមួយដងគត់តែសម្រាប់ចន្ទី M23ផ្កា៣ដង ។ដោយសារវាផ្កា៣ដងនេះដែរទើបធ្វើឱ្យគ្រាប់របស់វាធំ ។
គួរបញ្ជាក់ថា ស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣របស់ កម្ពុជា បន្ទាប់ពីស្រូវ និងដំឡូងមី។
ដោយឡែកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងមក ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ