កត្តាសំខាន់៤គឺជាបទពិសោធន៍ បើចង់បាននិទ្ទេសA គួរសាកល្បងអនុវត្ត
សិស្សប្អូនប៊ែលធីជាង ២,៧៩៧នាក់ សួរសិស្សច្បងថា ធ្វើម៉េចបាននិទ្ទេសA? សិស្សច្បងឆ្លើយថា មិនពិបាកទេ!គ្រាន់តែចូលរួមអនុវត្តកត្តាសំខាន់៤ទៅបានហើយ នេះជាសារឆ្លើយតប។
ភ្នំពេញ៖ តំណាង សិស្សនិទ្ទេស A ចំនួន ៥រូប ក្នុងចំណោម ១៩១រូប ផ្សព្វផ្សាយបទពិសោធន៍ជោគជ័យ ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថាមានកត្តាសំខាន់៤ ដែលនាំយើងទៅនិទ្ទេសAនោះគឺ ១-កត្តាខ្លួនឯង ២-កត្តាគ្រួសារ ៣-កត្តាសាលា និង ៤-កត្តាសង្គម៖
១-កត្តាខ្លួនឯង៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ
២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា
៣-កត្តាសាលា៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា
៤-កត្តាសង្គម៖ ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សា របស់ក្រសួង និងសាលាបានដាក់ចុះ។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ សម្រាប់ជាទុនដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ មានការចូលរួមផ្ទាល់ និងផ្សាយបន្ត (Live) ទៅគ្រប់សាខា សរុបចំនួន ២,៧៩៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
សម្រាប់ឆ្នាំសិក្សា២០២៣–២០២៤ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ បានចូលរួមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ (ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះ ជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង ៩៥.៧៦% និងមានសិស្សនិទ្ទេស A ចំនួន ១៩១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២–ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្ស គ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូន ដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើស រើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១៩១រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៣៥រូប ផងដែរ៕























