បេក្ខសមណនិងបេក្ខជន៣៨៩អង្គ នាក់ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯកនៅវត្តជម្ពូប្រឹក្សា
ស្វាយរៀង៖ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តមអភិបាលខេត្តនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៥បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូប្រឹក្សាស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនប្រឡងចំនួន ៣៨៩អង្គនិងនាក់។
ពិធីកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, លោក-លោកស្រីជាប្រតិភូក្រសួងធម្មការ និងសាសនា,លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាសនាខេត្ត និងមន្ត្រីរាជការ និងគណៈកម្មការប្រឡងជាច្រើនអង្គ/នាក់ផងដែរ។
ក្នុងឱកាសនោះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគេន និងជូនព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ លោក លោកស្រី ជាគណៈកម្មការប្រឡងនិងសូមជូនពរឱ្យបេក្ខសមណ និងបេក្ខជន ទទួលបានជោគជ័យក្នុងការប្រឡងនេះផងដែរ។
លោកបានបន្ថែមថា នៅក្នុងខេត្តស្វាយរៀង ឆ្នាំនេះ ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យនឹងប្រព្រឹត្តិទៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី៥ ខែមករា មានពីរមណ្ឌល គឺមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងមណ្ឌលវត្តស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចំនួន ៣៨៩អង្គ-នាក់។ ចំពោះវិញ្ញាសាប្រឡងមានចំនួន៤ គឺ៖ ១. ប្រជុំកងធម៌ ២. ពុទ្ធប្បវត្តិ ៣. ព្រះវិន័យ និង៤.សាសនសុភាសិត ៕
ដោយៈនុត នាង





