រដ្ឋបាល Biden ប្រកាសលក់អាវុធតម្លៃ៨ពាន់លានដុល្លារដល់អ៊ីស្រាអែល

បរទេស៖ នៅចុងអាណត្តិរបស់ខ្លួន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សភា អំពីការលក់អាវុធចំនួន ៨ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមប្រភព ដែលដឹងពីផែនការនេះ ហើយបាននិយាយ កាលពីថ្ងៃសៅរ៍។

ក្រសួងការបរទេស បាននិយាយថា ខ្លួនបានជូនដំណឹងក្រៅផ្លូវការ ដល់សភា អំពីការលក់អាវុធចំនួន ៨ពាន់លានដុល្លារដើម្បីគាំទ្រដល់សន្តិសុខ រយៈពេលវែង របស់អ៊ីស្រាអែល ដោយការផ្គត់ផ្គង់ឡើងវិញ នូវស្តុកអាវុធ សំខាន់ៗ និងសមត្ថភាពការពារដែនអាកាស។ ការជូនដំណឹងបឋម ផ្តល់ឱ្យគណៈកម្មាធិការសភា នូវឱកាសមួយដើម្បីពិនិត្យលើការលក់ ដែលបានស្នើឡើង មុនពេលមានការជូនដំណឹង ជាផ្លូវការ ទៅកាន់សភា។

កញ្ចប់សព្វាវុធទាំងនេះ រួមមាន កាំជ្រួចរយៈចម្ងាយមធ្យម ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស។ កាំជ្រួច Hellfire AGM-114, គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ សម្រាប់គោលដៅរយៈចម្ងាយឆ្ងាយ, និងក្បាលគ្រាប់ទម្ងន់ ជាង២២៦គីឡក្រាម ជាដើម។

រដ្ឋបាលលោក Biden បានផ្តល់ជំនួយអាវុធរាប់ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារ ទ្រង់ទ្រាយធំ លើក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកគេ ទៅលើតំបន់ភាគខាងត្បូង អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

ចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីន ក្រោមយុទ្ធនាការសងសឹក របស់អ៊ីស្រាអែល ដែលឥឡូវនេះ មានចំនួនជាង ៤៥,៧០០ នាក់ហើយ គិតមកដល់ដើមឆ្នាំនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner