ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥
បរទេស ៖ ផ្អែកតាមការស្ទង់មតិមួយ ប្រជាជនថៃ ពាក់កណ្តាលប្រទេស មានទំនុកចិត្តថា លោកស្រី Paetongtarn នឹងនៅតែជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៥ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអាទិត្យនេះ។
ផ្អែកតាមប្រភព ប្រជាជនថៃជាង៥០ភាគរយ ជឿជាក់ថា លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងនៅតែស្ថិតក្នុងមុខតំណែងរបស់ខ្លួន ពេញមួយឆ្នាំនេះ បើទោះបីជាមានភាពចលាចលនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ នេះបើយោងតាមការស្ទង់មតិស្តីពី «នយោបាយ សេដ្ឋកិច្ច និងគុណភាពជីវិត ឆ្នាំ២០២៥» របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA ដែលធ្វើឡើងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ សាកសួរមនុស្ស ១.៣១០នាក់ មានអាយុលើសពី ១៨ឆ្នាំ។
ជាការកត់សម្គាល់ លទ្ធផលបង្ហាញឲ្យឃើញថា ជុំវិញភាពចលាចលនយោបាយថៃ នៅឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ មានជាង៥០ភាគរយជឿថា ស្ថានភាពនឹងនៅតែដដែល,
ជិត៤០ភាគរយជឿថា នឹងមានភាពតានតឹងជាងមុន ខណៈដែល ជាង៧ភាគរយ ជឿថា
នឹងមានភាពតានតឹង តិចជាងមុន ព្រមទាំង ជាង២ភាគរយជឿថា ភាពចលាចលនយោបាយ នឹងរលាយបាត់។ ចំពោះការ
ការព្យាករណ៍ អំពីរដ្ឋាភិបាលដែលដឹកនាំដោយ លោកស្រី Paetongtarn ក្នុងឆ្នាំនេះ វិញ មានជាង៥១ភាគរយជឿថា លោកស្រី នឹងនៅតែស្ថិតក្នុងតំណែងរបស់ខ្លួន ពេញមួយឆ្នាំនេះ ខណៈដែលជាង២១ភាគរយ ជឿថា អាចមានការរុះរើគណៈរដ្ឋមន្ត្រី។ ការស្ទង់មតិនេះ ក៏បានព្យាករណ៍ពីសេដ្ឋកិច្ច និងគុណភាពជិវិតរបស់ពលរដ្ឋថៃ ផងដែរ នេះបើតាម The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត