ក្រុមយុវជនសង្គមស៊ីវិល បង្ហាញពីការដឹងគុណចំពោះ «ទិវាជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះនៃសិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍ»

ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងតំណាងផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមនគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានជួបជុំគ្នាអបអរសាទរ និងបានបង្ហាញពីការដឹងគុណចំពោះ «ទិវាជ័យជម្នះ ៧ មករា» និងការដឹងគុណដល់វីរភាពឥស្សរជនខ្មែរ និងប្រជាជន ដែលបានពលីជីវិត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានថ្លែងថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានេះ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចងចាំជានិច្ចចំពោះ ថ្ងៃ ៧ មករា ដែលជាសករាជនាំមកនូវសន្តិភាព និងការរំដោះជាតិ ពិសេសដឹងគុណចំពោះឥស្សរជនខ្មែរដែលបានពលី បូជាសាច់ស្រស់ ឈាមស្រស់ និងជាពិសេសដឹងគុណូបក្ការៈចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីសង្គ្រោះជាតិពីរបបប្រល័យ ពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក សង្កត់ធ្ងន់ទៀតថា «បើគ្មានការលះបរបស់សម្តេចតេជោ ហ៊ុន សែន ប្តូរយកនូវសន្តិភាពទេនោះ ប្រទេសកម្ពុជា មកទល់ពេលនេះ ប្រហែលជាអាចបាត់បង់ពីផែនដីនេះ។ ដូច្នេះ ក្នុងនាមជាយុវជន សូមដឹងគុណចំពោះឥស្សរជន ក៏ដូចជាការរំលឹក និងចងចាំជានិច្ចចំពោះ «ទិវាថ្ងៃ ៧ មករា» ដែលទិវានេះ បានធ្វើឱ្យប្រទេសកម្ពុជាយល់ដឹងថា ទម្រាំងមានសន្តិភាពដូចពេលនេះ គឺប្រជាជនខ្មែរស្ទើរតែបាត់បង់មួយប្រទេស»។

លោកបន្ថែមថា សករាជ ៧ មករា គឺជាថ្ងៃ នៃការកកើតសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឱ្យមានសិទ្ធិសេរីភាព និងរស់រានមានជីវិតឡើងវិញ។ ដូច្នេះ ក្នុងនាមជាមេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានអំពាវនាវដល់ប្រពលរដ្ឋខ្មែរចងចាំជានិច្ចនូវ អំពើប្រល័យពូជាសាសន៍ ខ្មែរក្រហម និងចូលរួមទប់ស្កាត់កុំឱ្យមានសង្គ្រាមស៊ីវិលកើតឡើងនៅលើទឹកដីប្រទេសកម្ពុជាម្តងទៀត។

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ពីថ្ងៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ក្នុង បុព្វហេតុកសាង និងការពារមាតុភូមិ។ បច្ចុប្បន្ន កម្ពុជាកំពុងបន្តឈានទៅមុខយ៉ាងរឹងមាំ ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ប្រជាជនកម្ពុជាចងចាំ ជានិច្ចថា «ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ»៕
ដោយ៖ពលជ័យ

ads banner