អង្គភាពប្រឆាំងអំពើពុករលួយ ៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័ន និង ខេត្តមួយចំនួន បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ភាគរយ

(ភ្នំពេញ)៖ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ត្រឹមរយៈពេល៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥មករានេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាមានក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ១០០ភាគរយ។

ដោយឡែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នៅថ្ងៃទី៥ ខែមករា បានចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។

ទាក់ទិនក្នុងរឿងនេះលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០ ភាគរយ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០ភាគរយ តាមកម្មវិធីដែលបានកំណត់។

លោកបានបញ្ជាក់បន្ថែមថា ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៣៣ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុល បានកើនទៅដល់ ចំនួន ១៣,១៩៤ រូប ស្មើនឹង ៥៧,៩២% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦រូប ។

គួរបញ្ជាក់ថាការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ផ្ដើមពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner