ឯកឧត្តម ឡាវ វ៉ាន់៖ ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
មែលប៊ន ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋខ្មែរប្រមាណ ៦៨៤ នាក់ បានរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានតំបន់២ ទីក្រុងមែលប៊ន,ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងសមាជិក សមាជិកាក្រុមការងារតំបន់២ ប្រមាណ៣០រូប, លោក ផុន ប៊ុនថេល ប្រធានគណៈកម្មាធិការសាខាគណបក្ស និងលោក ណារី សារ៉ា ប្រធានក្រុមការងារយុវជនគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនគណបក្សជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារតំបន់២ ប្រចាំទីក្រុងមែលប៊ន បានគូសបញ្ជាក់ថា ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ជាមួយបងប្អូនសហគមន៍ខ្មែរនៅទីក្រុងមែលប៊នប្រទេសអូស្រ្តាលី គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានលើកឡើងថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា និងការដាក់ចេញនយោបាយ ឈ្នះឈ្នះ ដាក់ចេញដោយអគ្គមគ្គុទេសក៏ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លើសពីនេះទៀតប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា






