៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

ប្រជាជនកម្ពុជាចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។

រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍន៍គ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេសបានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រយៈពេល៤៦ឆ្នាំ កន្លងមកនេះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសជាតិចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយដូចសព្វថ្ងៃ។

សរុបសេចក្តីមក ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនកម្ពុជា បានចងចាំសច្ចធម៌ប្រវត្តិសាស្រ្ត យល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបាន របស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ។

ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានកំពុងកសាងសមិទ្ធផលថ្មីបន្ថែមបម្រើជាតិមាតុភូមិ និងប្រជាជន ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងត្រឹមត្រូវ តាមស្មារតី៧ មករា និងបេ្តជ្ញាឲ្យបានមុះមុតក្នុងការការពារឲ្យបានដាច់ខាត នូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner