ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ
(ភ្នំពេញ)៖ អាជ្ញាធរអប្សរា រួមជាមួយដៃគូដែលជាក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គវត្ត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹង ក៏ដូចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរផងដែរ ។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានប្រាប់ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ ។
ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុក នៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ មានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ដែលក្នុងនោះមានទាំងកុមារអាយុ៦ឆ្នាំ និងមនុស្សចាស់អាយុ៨០ឆ្នាំ ព្រមទាំងព្រះសង្ឃ ជនបរទេស និងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង ៕
ដោយ ៖ ម៉ាដេប៉ូ




