មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ
ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានដោះលែងអ្នកទោសជិត ៦,០០០នាក់ ជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា។
របបយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសជាង ៥,៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅពេលដែលប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួប ៧៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេស។
មីយ៉ាន់ម៉ាតែងតែដោះលែងអ្នកទោសរាប់ពាន់នាក់ ដើម្បីរំលឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ តួយ៉ាង កាលពីឆ្នាំមុន របបយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសដល់ទៅជាង ៩,០០០នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។
ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានអ្នកចូលរួមទាំងមន្រ្តីរដ្ឋាភិបាល និងយោធាប្រមាណ ៥០នាក់។
សុន្ទរកថារបស់ប្រមុខរបបដឹកនាំយោធា លោក មីន អោង ឡាំង ដែលអវត្តមនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងដោយមេទ័ពរង លោក Soe Win។
លោក Soe Win បានរំលឹកឡើងវិញនូវការអំពាវនាវរបស់របបយោធាទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចរាប់រយនាក់ ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។
លោកក៏បានអះអាងសារជាថ្មីម្តងទៀតនូវការសន្យារបស់របបយោធា ក្នុងការរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលកន្លងមកត្រូវបានពន្យារពេល និងបានអំពាវនាវឲ្យមានឯកភាពជាតិ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




