ស្រូវនាងខុនជាប្រភេទស្រូវធ្ងន់ ដាំដុះប្រើពេលយូរ ហើយចំណាយថ្លៃដើមតិច
(ភ្នំពេញ)៖ ពូជ ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ដែលកសិករខ្មែរមួយចំនួនចូលចិត្ដដាំដុះសម្រាប់ទុកបរិភោគ និងខ្លះទៀតសម្រាប់ទុកលក់ ។
ស្រូវប្រភេទនេះ ប្រកាន់រដូវ ហើយ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃ អគ្គនាយក ដ្ឋានកសិកម្ម របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កសិករដែលដាំដុះស្រូវនាងខុន គឺត្រូវដាំដុះក្នុងទឹកជ្រៅ ការដាំដុះស្រូវនាងខុនដែលជាស្រូវពូជធ្ងន់ ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល ទៅ១,៥លានរៀល។ នៅតំបន់មិនសូវមានជីជាតិ គាត់ចំណាយថ្លៃជីបន្ថែមអាចការចំណាយអាចកើនដល់១,៨លានរៀល។
លោក វ៉ាត សារ៉ន កសិករនៅ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបងបានឱ្យដឹងថា៖ស្រូវនាងខុនផ្តល់ទិន្នផលទៅតាមលក្ខណៈដីដែលមានជីជាតិ និងតំបន់។សម្រាប់ក្នុងតំបន់នេះផ្តល់ទិន្នផលស្រូវប្រមាណ៤០ការ៉ុង ឬប្រមាណជាង៤តោនបន្តិចបន្តួច ឬ៤តោនកន្លះក្នុងមួយហិកតា។
លោកបានបន្ថែមថាសម្រាប់ទិន្នផលរបស់ស្រូវពូជនាងខុនពុំមានអ្វីខាតទេគឺក្នុងមួយហិកតាយើងទទួលបានផលចំណេញ២លានរៀល។
ដោយឡែកអ្នកស្រី អុំ រើន អ្នកលក់អង្ករនៅផ្សារសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យវិញបានឱ្យដឹងថា៖អង្ករនាងខុនសម្រាប់អ្នកមានកូនច្រើនគេចូលចិត្តទិញពីព្រោះថាពេលដាំបាយវាឡើងខ្លាំង ដែលពួកគាត់ចូលចិត្តអង្ករប្រភេទនេះ ។
ជាមួយគ្នានេះដែរ អ្នកស្រី ឡុង សារី អ្នកលក់អង្ករនៅផ្សារថ្មគោល ខេត្តបាត់ដំបងបានឱ្យដឹងថា៖សម្រាប់តម្លៃអង្ករមួយគីឡូក្រាមថ្លៃ ២៨០០ ឬ ៣០០០រៀលជាប្រភេទស្រូវចាស់ តែបើជាស្រូវនាងខុនថ្មីតម្លៃ ២៥០០រៀលក្នុងមួយគីឡូក្រាម ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងបន្ថែមដែរថា៖ស្រូវនាងខុនផ្ដល់ទិន្នផលជាមធ្យម ៣,៥តោនក្នុង ១ហិកតា (ស្រូវសើម)។ បើលក់បានតម្លៃ៨៥០រៀលក្នុង១គីឡូ នោះកសិករអាចទទួលបានប្រាក់ចំណេញ ១លាន ៦៧ម៉ឺនរៀលក្នុង១ហិកតា ហើយបើថែទាំបានល្អទិន្នផលអាចបាន ៤តោន ក្នុង ១ហិកតា ដែលអាចទទួលបានប្រាក់ចំណេញ ២លានរៀន ក្នុង ១ហិកតា ៕
ដោយ ៖ ម៉ាដេប៉ូ







