«បំភ្លេចម្ដេចបាន»

ភ្នំពេញ៖​«បំភ្លេចម្ដេចបាន» នេះជាចំណងជើងនៃសំណេរនៅលើ​បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី
ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។

អត្ថបទបានចាប់ផ្តើមដោយការបញ្ជាក់ថា ថ្ងៃនេះ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយក​ឱកាស​មុនថ្ងៃប្រារព្ធទិវាជ័យជម្នះ​លើរបប​ប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏​អាក្រក់ដែល​ប្រជាជនកម្ពុជា​គ្មានកំហុស​បានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាច​បំភ្លេចបាន។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ទំនៀមទម្លាប់នៃការប្រារព្ធពិធី​គោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣ ហើយដែល​យើងបានមកដល់ទីនេះជាមួយគ្នា។ បើទោះបី​ជាឆ្នាំ ២០២១ និង២០២២ មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.​នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិន​អាចមានការជួបជុំក្នុងកម្រិត​ធំក៏ដោយ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីត​យុទ្ធជន យុទ្ធនារី ដែលបាន​បាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭក​ដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពី​របបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគ​ជ័យនេះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅ​ជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។

តាមរយៈការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭករបស់ដល់ដែលបាន​បាត់​បង់ជីវិតនាសម័យ​នោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវការ​លះបង់ពីសំណាក់​អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិ​មាតុភូមិ។ ឯកឧត្តមបានបញ្ជាក់ថាជាពិសេស បានផ្ដល់ឱកាសឱ្យ​យុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់​ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែល​បន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់ដឹង​ពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយក​មកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់​ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដាន​ប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា ការនាំយុវជនមកធ្វើការ​គោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឱ្យយុវជនយើងរស់នៅក្នុង​អតីតកាល​ឡើយ តែជាការផ្សារភ្ជាប់ការ​ចងចាំ​ពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺ​សុខសន្តិភាព ដែលស្វែងរកបាន​ដោយការលំបាកបំផុត។ ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាង​សមិទ្ធផលបន្ថែមទៀត​ដល់កូន​ចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បីធានាថា​កម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បី​កម្ពុជាមាន​ភាពធន់ នៃខឿន​សេដ្ឋកិច្ច និងពោរពេញដោយឱកាស៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner