អភិបាលខេត្ត៖ព្រះពុទ្ធសាសនា ចូលរួមយ៉ាងសកម្ម ក្នុងការអប់រំប្រជាពលរដ្ឋឱ្យសាងអំពើល្អ

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យបាន​មានប្រសាសន៍ថា ការអប់រំតាមវិស័យពុទ្ធិកសិក្សា ពិតជាបាន​ចូល​​រួមចំណែក​ក្នុង​ការអប់រំប្រជាពលរដ្ឋកម្ពុជាឱ្យសាងអំពើល្អ និងឱ្យយល់​ច្បាស់ពីទ្រឹស្ដីព្រះពុទ្ធសាសនា។

មានប្រសាសន៍ក្នុងពិធីប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ថ្នាក់ទោ-និង ឯកឆ្នាំសិក្សា ២០២៤- ២០២៥ នៅវិទ្យា​ល័យសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា ការអប់រំតាមវិស័យពុទ្ធិក​សិក្សា ជាបានរួមចំណែកក្នុងការអប់រំ​ប្រជាពលរដ្ឋ​ឱ្យកសាងអំពើល្អ និងយល់ច្បាស់ពីទ្រឹស្ដីព្រះពុទ្ធសាសនា ដើម្បីកែប្រែជំនឿមួយចំនួន​ដែល​ពុំសមហេតុផល ឱ្យក្លាយជាជំនឿដ៏ត្រឹមត្រូវ ។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកស្ទួយ​ និងការអភិវឌ្ឍវិស័យ​អប់រំពុទ្ធិកសិក្សា ក្នុងវិស័យ​ពុទ្ធចក្រ ។ការបណ្តុះបណ្តាលធនធានព្រះ​សង្ឃ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយ​មានជ័យ​បានបញ្ជាក់ថា ការប្រឡងលើកនេះជាឆ្នាំលើកទី៣២ នៃការប្រឡង​ធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ដែលមានបេក្ខសមណៈ-បេក្ខជន ដាក់ពាក្យប្រឡងចំនួន ១ ៦៨៤ អង្គ/នាក់ ក្នុងនោះមាន បព្វជិត ១ ៥១៧ អង្គ និងគ្រហស្ថ ១៦៧ នាក់ ដែលមកពីតាម​បណ្តាវត្តនានា ក្នុង​ស្រុក​​ក្រុងទាំង ៩ទូទាំងខេត្ត។ការប្រឡងមាន​រយៈពេលមួយថ្ងៃមាន ៦៨ បន្ទប់។

លោកបន្តថា ម៉្យាងទៀតការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ថ្នាក់ទោ-និងថ្នាក់ ឯក សម្រាប់ដំណាច់ឆ្នាំសិក្សា ២០២៤- ២០២៥ គឺមានកម្រិតដូច សាលាចំណេះទូទៅដែរ ពោលថ្នាក់ត្រីស្មើថ្នាក់ទី ៣ ,ថ្នាក់ទោស្មើថ្នាក់ទី៤ និងថ្នាក់ឯក​ស្មើថ្នាក់​ទី៥ ។ការប្រឡងនេះ​ធ្វើឡើង​លើវិញ្ញាសារ៤មុខវិជ្ជា ក្នុងនោះមានប្រជុំកងធម៌ ,ពុទ្ធប្បវត្តិ ,ព្រះវិន័យ​និងសាសនសុភាសិត៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner