ចិនចង់ជំរុញប្រើប្រាស់យានជំនិះគ្មានមនុស្សបើកចាប់ពីខែមេសា ឆ្នាំ២០២៥

ប៉េកាំង ៖ ដើម្បីជាការលើកទឹកចិត្តដល់អ្នកបង្កើតបច្ចេកវិទ្យាបើកបរដោយខ្លួនឯង រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនបានអនុម័តបទប្បញ្ញត្តិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យឡានក្រុងសាធារណៈ និងឡានតាក់ស៊ីបំពាក់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង។

កាសែត Beijing Daily បានរាយការណ៍ថា យានយន្តទាំងឡាយណាដែលឆ្លងកាត់ការសាកល្បងបើកបរនៅលើផ្លូវ និងការវាយតម្លៃសុវត្ថិភាពរួច នោះនឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំ ខណៈដែលបទប្បញ្ញត្តិថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥តទៅ។

រដ្ឋធានីប៉េកាំងដែលជាបេះដូងរបស់ប្រទេសចិន បានគាំទ្រការប្រើប្រាស់យានជំនិះបើកបរដោយខ្លួនឯង សម្រាប់ឡានឯកជន ឡានក្រុង រថភ្លើង និងឡានតាក់ស៊ី ហើយបានគូសបញ្ជាក់ថា ខ្លួនចង់លើកទឹកចិត្តដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឆ្លាតវៃ ដើម្បីគាំទ្រដល់សេវាដឹកជញ្ជូនទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហាថា អាជ្ញាធរចិនកំពុងបើកភ្លើងខៀវកាន់តែទូលំទូលាយ ក្នុងការសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង នៅតាមបណ្តាទីក្រុងយ៉ាងហោចណាស់ចំនួន១៩ ដែលកំពុងសាកល្បងប្រើប្រាស់ឡានក្រុង និងឡានតាក់ស៊ីបើកបរដោយខ្លួនឯង។

បច្ចុប្បន្នប្រទេសចិនកំពុងសាកល្បងដំណើរការឡាន robotaxi និង robobus នៅក្នុង ១៩ទីក្រុងរបស់ខ្លួនជាមុនសិន។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានអនុញ្ញាឲ្យក្រុមហ៊ុនផលិតឡានចំនួន៥ មានដូចជា Apollo Go, Pony.ai, WeRide, AutoX និង SAIC Motor បើកដំណើរការសាកល្បងនៅក្នុងតំបន់ទីប្រជំជនមុនគេ ដោយសារតែនៅទីនោះមានភ្លើងស្តុបច្រើនជាងគេ។

យោងតាមការរៀបរាប់ពីក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៥ ក្នុងនោះស្ថាបនិករបស់ Apollo Go បាននិយាយថា ខ្លួនគ្រោងនឹងដាក់ពង្រាយឡាន robotaxi ប្រហែល ១,០០០គ្រឿងនៅទីក្រុង Wuhan នៅចុងឆ្នាំ ២០២៤ ហើយចំពោះទីក្រុងដទៃទៀត ខ្លួននឹងដាក់ដំណើរការប្រហែល ១០០គ្រឿងប៉ុណ្ណោះ យ៉ាងយូត្រឹមឆ្នាំ ២០៣០៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner