នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញពិនិត្យការដ្ឋាន​ធ្វើផ្លូវក្រួសក្រហមជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិ​ការសឹករងកំពង់ធំ បានអមដំណើរ​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកង​ទ័ពជើងគោកកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៥​បានអញ្ជើញ​សំណេះសំណាលជាមួយ​ក្រុមវិស្វកម្ម និងពិនិត្យការដ្ឋានស្ថាបនាផ្លូវលំ​ក្រាលក្រួសក្រហមប្រវែង ២១,២៥០ គីឡូម៉ែត្រ។ ផ្លូវនេះចាប់ផ្តើម​ពីទីរួមស្រុក​សណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ។

លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម បានរាយការណ៍ថា ក្រោយពេលបើកការដ្ឋាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ការ​ងារ​ដំណើរការល្អ។ឥឡូវនេះបានឈូសឆាយពង្រាបផ្លូវរួចរាល់ ហើយបានក្រាលក្រួសក្រហមប្រវែង ៨ គីឡូ​ម៉ែត្រនិង​ត្រៀម​ដាក់លូប្រអប់មួយកន្លែង។តាមគម្រោង​រំពឹងថា នឹងបញ្ចប់ក្នុង​ខែមករានេះ ។
ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសរសើរដល់​ក្រុមវិស្វកម្មដែលខិតខំប្រឹងប្រែង ជំរុញការងារបាន​តាម​ផែនការ​គ្រោងទុក ។ជាការលើកទឹកនាយឧត្តមសេនីយ៍​បានជូនថវិកា១០០​ដុល្លារក្នុងម្នាក់ និងស្បៀងអាហារ​ទៅក្រុមវិស្វកម្ម​ដែលមានចំនួន ២០ នាក់។

គម្រោងនេះបានទទួលការគាំទ្រជាចម្បងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីលើកស្ទួយ​ជីវភាពប្រជាជនក្នុងស្រុកសណ្ដាន់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner