លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ៣,៨០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។

លោក ហ្សលេនស្គី បានផ្តល់តួលេខនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ លោក ហ្សេលេនស្គី បាននិយាយថា កូរ៉េខាងជើងអាចនឹងបញ្ជូនទាហានរបស់ខ្លួន ពី ៣០.០០០ ទៅ ៤០.០០០នាក់បន្ថែមទៀត ខណៈដែលយោធាអ៊ុយក្រែនកំពុងធ្វើការវាយលុកឆ្លងព្រំដែននៅតំបន់ Kursk។

លោក ហ្សលេនស្គី ក៏បានគូសបញ្ជាក់ផងដែរថា រូបលោកអាចនឹងជួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមករា ឬថ្ងៃណាមួយ ពោលគឺបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ហ្សលេនស្គី បន្ថែមថា លោកនឹងស្វែងរកការស្រុះស្រួលគ្នាជាមួយលោក ត្រាំ អំពីរបៀបបញ្ចប់សង្រ្គាម និងបញ្ឈប់ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ជាមួយគ្នានេះ លោក ហ្សលេនស្គី បានគូសបញ្ជាក់អំពីតម្រូវការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ប្រសិនបើលោក ត្រាំ ផ្តល់ការធានាសន្តិសុខរឹងមាំ នោះវានឹងអាចឈានដល់ការសន្ទនាជាមួយរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner