សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ គម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះ គម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្ដារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។ ការបញ្ជាក់នេះ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំងអស់គ្នា ក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រវត្តិសាស្ត្រជាក់ស្ដែងរបស់កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៧០មក ដំណើរជាតិយើងមានភាពបត់បែន ស្មុគស្មាញ និងប្រកបដោយមហន្តរាយជាទីបំផុត។ បន្ទាប់ពីប្រជាជាតិយើងទទួលបានឯករាជ្យបរិបូរណ៍នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពតែ១៦ឆ្នាំប៉ុណ្ណោះ។ ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួកលន់ នល់ ដែលបានដើរតាមខ្សែញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី។ បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួកលន់ នល់ នៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ប្រជាជនដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយថ្មីមួយទៀតក៏បានមកដល់ភ្លាម។ ពួកប៉ុល ពត ដែលក្បត់នឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនបានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូរបស់ប្រជាជន ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។ ទឹកដីកម្ពុជាទាំងមូលបានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់ ៣លាន ៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាច ដែលរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ។

នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ ចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានកើតមានជាបន្តបន្ទាប់។ នៅថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណា ខ្ញុំ បានសម្រេចចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដនេះ។ ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយគ្នានេះ នៅក្នុងប្រទេស កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំង ប៉ុល ពត នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម។ ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទីបានបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុស ប្រមូលផ្ដុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្ដួលរំលំរបប ប៉ុល ពត។ នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជាដែលបានរីកធំធាត់យ៉ាងរហ័ស រួមជាមួយការជួយឧបត្ថម្ភរបស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្ដែងអំណរសាទរចំពោះយុទ្ធជនរណសិរ្ស ដោយក្ដីរំភើបរីករាយជាទីបំផុត។ ស្នាមញញឹម ៧មករា បានដិតជាប់ជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។

សម្តេចតេជោបន្តទៀតថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្ដារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។ ជោគជ័យដែលរដ្ឋកម្ពុជាសម្រេចបានក្នុងរយៈពេល៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្ដើមពីជំនួបចរចាលើកដំបូងរវាងខ្ញុំព្រះករុណា ខ្ញុំ និងសម្ដេចព្រះនរោត្តមសីហនុ ពីថ្ងៃទី២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្ដីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្ដាលមកទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។ ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ខ្ញុំព្រះករុណា ខ្ញុំ បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាង៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន៕
ដោយ៖ពលជ័យ

ads banner