សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេចស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា សូមអ្នកទាំងឡាយ កុំចាំបាច់និយាយថា ដូរ ឬដូរ មិនដូរ គណបក្សប្រជាជន គឺជានិមិត្តរូប និងចលនា ចលករ នៃការផ្លាស់ប្ដូរ ពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាងមុន។ សូមជឿទុកចិត្ត នៃការផ្លាស់ប្ដូររបស់យើង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីមិទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល ២៦ឆ្នាំកន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ កម្ពុជា ពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជា ដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឱ្យភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។

សម្ដេចបន្តថា កម្ពុជា ពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុង ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ កម្ពុជា ដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ នៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។

ពីតថភាពទាំងអស់នេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner