សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ បង្កើតបានសន្តិភាពទាំងស្រុង នៅចុងឆ្នាំ១៩៩៨
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ។
នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការ រស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ។
សម្ដេចតេជោ បានបន្តថា ជោគជ័យដែលរដ្ឋកម្ពុជាសម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្តើមពីជំនួបចរចាលើកដំបូងរវាងខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះនរោត្តមសីហនុ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏ សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្តីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្តាលមក ទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេស ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្ដេច បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះ ស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យ រលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់ សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេល ជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន សូមយកឱកាសនេះថ្លែងនូវការគោរព និងអរគុណយ៉ាងក្រៃលែងចំពោះប្រតិបត្តិករនៃនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តអនុវត្តនូវនយោបាយនេះ រហូតសម្រេចបានជោគជ័យយ៉ាងធំធេងជូនជាតិ។ នេះគឺជាការយកអាយុជីវិតធ្វើដើមទុនជាលើកទី២ របស់សម្ដេច ដើម្បីជាតិ និងប្រជាជន។ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ហើយថែមទាំងបានលុបបំបាត់ក្តីកង្វល់សន្តិសុខដ៏ធំមួយសម្រាប់តំបន់ទាំងមូល ក៏ដូចសម្រាប់ប្រទេសជាច្រើនលើសកលលោកថែមទៀត ៕
ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ