ឆ្នាំ ២០២៤ ករណីធ្លាក់យន្តហោះធុនស្រាលនៅអូស្ត្រាលីសម្លាប់មនុស្សចំនួន ២៧នាក់

កង់បេរ៉ា ៖ ឧប្បត្តិហេតុធ្លាក់យន្តហោះធុនស្រាលចំនួន ២០លើក បានឆក់យកជីវិតមនុស្សត្រឹមតែ ២៧នាក់កាលពីឆ្នាំ២០២៤ បន្ទាប់ពីរយៈពេលពីរឆ្នាំជាប់ៗគ្នា អូស្រ្តាលីបានកត់ត្រាមនុស្សស្លាប់ដល់ទៅ ៣៣នាក់។ នេះបើយោងតាមការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB)។

ទោះបីជាមានការថយចុះនៃចំនួនអ្នកស្លាប់ក៏ដោយ ប៉ុន្តែហេតុការណ៍ធ្លាក់យន្តហោះដ៏គ្រោះថ្នាក់នៅឆ្នាំ២០២៤ បានបង្កឱ្យមានការព្រួយបារម្ភ អំពីអនាគតនៃវិស័យអាកាសចរណ៍ ដោយអ្នកជំនាញផ្នែកអាកាសចរណ៍កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់បន្ថែមទៀត លើឧបទ្ទវហេតុធ្លាក់យន្តហោះធុនស្រាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី (ABC) កាលពីថ្ងៃចន្ទម្សិលមិញ។

ទីប្រឹក្សា និងជាមន្ត្រីបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ លោកស្រី Lorraine MacGillivray បាននិយាយថា លោកស្រីចង់ឃើញការស៊ើបអង្កេតករណីធ្លាក់យន្តហោះបន្ថែមទៀត និងបង្កើនការបណ្តុះបណ្តាលអ្នកបើកយន្តហោះ បន្ទាប់ពីមនុស្ស ៥នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅរដ្ឋ Victoria កាលពីចន្លោះខែកញ្ញា ដល់ខែវិច្ឆិកាឆ្នាំមុន។

ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បានគូសបញ្ជាក់ថា ពួកគេអាចស៊ើបអង្កេតឧប្បត្តិហេតុផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែកប្រហែល ៧០ដងក្នុងមួយឆ្នាំ ប៉ុន្តែបានទទួលការជូនដំណឹងអំពីឧប្បត្តិហេតុច្រើនជាង ៨,០០០ករណីជារៀងរាល់ឆ្នាំ។

ឆ្លើយតបនឹងតួលេខខាងលើនេះ ស្នងការការិយាល័យ ATSB លោក Angus Mitchell បានសង្កត់ធ្ងន់ថា ហានិភ័យនៃការស្លាប់គឺធំខ្លាំងណាស់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុធ្លាក់យន្តហោះទាំង ២,៣០០ករណីនៅក្នុងប្រទេសអូស្ត្រាលី ដោយលោកបានអំពាវនាវឱ្យអ្នកបើកយន្តហោះរក្សាការប្រុងប្រយ័ត្ន ដើម្បីបង្កើនសុវត្ថិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner