ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នាពេលខាងមុខតំបន់កោះកុងក្រៅ ក្នុងខេត្តកោះកុង នឹងមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរជាងមុន ដើម្បីទាក់ទាញទេសចរណ៍
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា នាពេលខាងមុខគឺយើងត្រូវរៀបចំតំបន់កោះកុងក្រៅ ផ្សារភ្ជាប់ជាមួយឆ្នេរទាំងអស់និងត្រូវជួយគាំពារដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគការអភិវឌ្ឍ ដើម្បីជំរុញឲ្យតំបន់កោះកុងក្រៅកាន់តែមានការអភិវឌ្ឍន៍ល្អប្រសើរជាងមុនសម្រាប់ទាក់ទាញទេសចរណ៍។
នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដែលបានធ្វើឡើងនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌតំបន់ឆ្នេររាជរដ្ឋាភិបាលបានផ្ដួចផ្ដើមរៀបចំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាពីព្រោះតំបន់ឆ្នេរ គឺជារបៀងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដែលអាចបង្កើតការងារនិងផ្ដល់ប្រាក់ចំណូលបានយ៉ាងច្រើនដល់ប្រជាជនកម្ពុជា ។ យើងមានឆ្នេរសមុទ្រសម្រាប់លំហែ មានសមុទ្រសម្រាប់ប្រមូលផលនេសាទបានច្រើន ដោយការប៉ាន់ស្មានជំហានដំបូងចំពោះប្រាក់ចំណូលគឺក្នុងរង្វង់ ២ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រជាជនកម្ពុជា និងមានកោះដែលអាចផ្ដល់នូវចំណូល និងការងារជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់អោយបានច្បាស់លាស់អំពីតំបន់កោះកុងក្រៅ ក្នុងខេត្តកោះកុង និងប្រមូលមតិយោបល់រៀបចំយុទ្ធសាស្ត្របង្កើនសក្តានុពលទេសចរណ៍ក្នុងតំបន់នេះ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នឹងដាក់សំណើទៅលេខាធិការដ្ឋានគណៈកម្មាធិការឆ្នេរដើម្បីធ្វើកិច្ចការចុះបញ្ជីដីធ្លីនៅកោះ ទន្ទឹមនឹងនេះក៏ត្រូវសិក្សាពីសក្តានុពលទាំងអស់ផ្សារភ្ជាប់ជាមួយឆ្នេរទាំងមូលដែលជារបៀងសេដ្ឋកិច្ច និងបានដាក់សំណើទៅរាជរដ្ឋាភិបាលដើម្បីស្ថាបនាផ្លូវជិះកង់សម្រាប់ផ្សារភ្ជាប់សហគមន៍នេសាទពីខេត្តកោះកុងដល់ខេត្តកែបផងដែរ៕
ដោយ / គ្រី សម្បត្តិ








