រញ្ជួយដ៏ខ្លាំងក្លាអង្រួនរដ្ឋធានី កដ្ឋមណ្ឌូ របស់នេប៉ាល់
កដ្ឋមណ្ឌូ ៖ នៅមុនព្រលឹម ថ្ងៃអង្គារនេះ ការរញ្ជួយដ៏ខ្លាំងក្លា បានអង្រួនរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់ ខណៈដែលការរញ្ជួយដី កម្រិត ៧.១រិចទ័រ បានវាយប្រហារតំបន់ភ្នំហិម៉ាឡៃយ៉ាន ក្នុងតំបន់ទីបេដាច់ស្រយាល របស់ប្រទេសចិន។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា «មានការញ័រយ៉ាងខ្លាំង នៅទីនេះ មនុស្សគ្រប់គ្នាភ្ញាក់ឡើង ប៉ុន្តែ យើងមិនទាន់ដឹងអំពីការខូចខាតណាមួយ នៅឡើយទេ» ។
ប្រទេស នេប៉ាល់ ស្ថិតនៅលើខ្សែបន្ទាត់ភូគព្ភសាស្ត្រ ដែលរងគ្រោះពីការរញ្ជួយដី កើតឡើង ជាទៀងទាត់។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ មនុស្សជិត ៩,០០០នាក់បានស្លាប់ និងជាង ២២,០០០ នាក់បានរងរបួស អំឡុងការគ្រោះរញ្ជួយដី កម្រិត ៧.៨ រិចទ័រ ដែលបានវាយប្រហារប្រទេសនេប៉ាល់ បំផ្លាញផ្ទះ ជាងកន្លះលានខ្នង។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការរញ្ជួយដីដ៏ខ្លាំង នៅក្នុងតំបន់ទីបេដាច់ស្រយាល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៩នាក់ និង បានដួលរលំអគារជាច្រើន នៅថ្ងៃអង្គារនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត