កូរ៉េខាងជើងបាញ់មីស៊ីលលឿនជាងសំឡេង ចំពេលរដ្ឋមន្ត្រីអាមេរិកទៅកូរ៉េខាងត្បូង
បរទេស៖ ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃអង្គារនេះ មេដឹកនាំ Kim Jong Un បាននិយាយថា ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីមួយ ដែលទើបត្រូវបានបាញ់សាកល្បង នៅសប្តាហ៍នេះ នឹងជួយរារាំងគូប្រជែង នៅតំបន់ប៉ាស៊ីហ្វិក ខណៈពេលដែលអ្នកការទូតកំពូល របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើទស្សនកិច្ច នៅក្នុងតំបន់។
ការសាកល្បងនេះ បានកើតមានឡើង នៅមុនការចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រមាណពីរសប្តាហ៍។ លោក Trump ត្រូវបានគេដឹងថា ជាមេដឹកនាំពិភពលោក ដែលព្យាយាមទាក់ទាញកូរ៉េខាងជើង ហើយការបាញ់នេះ ក៏ត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់កូរ៉េខាងត្បូង។

លោក Kim ដែលបានត្រួតពិនិត្យការបាញ់បង្ហោះនេះ បាននិយាយថា «ប្រព័ន្ធមីស៊ីល លឿនជាងសំឡេង នឹងអាចទុកចិត្តបាន ទប់ទល់នឹងគូប្រជែង នៅក្នុងតំបន់ប៉ាស៊ីហ្វិក កុំឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋ របស់យើង» ។
KCNA បានលើកឡើងពីការប្រើប្រាស់ «សមាសធាតុកាបូនសរសៃថ្មី» នៅក្នុងប្រព័ន្ធមីស៊ីល ដោយអ្នកជំនាញបានព្រមានថា អាចអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង វាយលុកគោលដៅ បន្ថែមទៀត ដោយគេដឹងថា បច្ចេកវិទ្យាទាំងនេះ មានតែសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ប៉ុណ្ណោះ ដែលមានសិទ្ធិប្រើប្រាស់ នាពេលបច្ចុប្បន្ន។
នេះគឺជាការបាញ់បង្ហោះ លើកដំបូង របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីខែវិច្ឆិកា ដោយពេលនោះ កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលខ្លួនបានហៅថា មីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ទំនើប និង មានឥទ្ធិពលបំផុត របស់ខ្លួន៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត