សម្តេចធិបតី៖ ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាមួយគ្នានេះ ៧ មករា ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន និងជាតិពីចំនុចសូន្យ។ អ្វីដែលពិសេសបន្ថែមទៀត ៧ មករា ក្រោមស្មារតីបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងនាំសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបអាចបង្កើតបាននយោបាយឈ្នះ ឈ្នះ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ នាំសន្តិភាពពេញលេញ ដែលយើងបាត់បង់ជាង៥០០ឆ្នាំមកហើយ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នា សម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់ដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា ថ្ងៃ ៧ កមករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត