ឯកឧត្តម គង់ ច័ន្ទវាសនា ផ្តួចផ្តើមសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ក្នុងថ្ងៃអបអរទិវាជ័យជម្នះ ៧ មករា

អត្ថបទដោយ៖
Kien Sereyvuth

ដោយមានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងមុតមាំពីឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា អនុប្រធានទី១ នៅថ្ងៃទី៧ ខែមករា ដែលជាទិវាអបអរសាទរជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ។​ ឯកឧត្តម គង់ច័ន្ទវាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ឯកឧត្តម ងិន ឆាយ អនុប្រធានទី១ ឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ​ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្តើមការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងទំហំជាង ៤២០ម៉ែត្រការ៉េ អគារស្នាក់ការថ្មីនេះនឹងត្រូវសាងសង់លើទីតាំងដីស្នាក់​ការគណបក្សបច្ចុប្បន្នដែលមានទទឹងប្រវែង​ ២២ម៉ែត្រ និងបណ្តោយ​ប្រវែង ៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ៦ ក្នុងទីរួមស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការ​សាងសង់នេះគ្រោងនឹងចំណាយថវិកាជាង១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ​ និងសមាជិក​នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់​ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ​ និងបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​។

អគារស្នាក់ការថ្មីដែលមានក្បាច់រចនាសាមញ្ញទាន់សម័យនេះ​ នឹងផ្តល់ជាកន្លែងជួបជុំប្រកបដោយផាសុខភាព សម្រាប់អ្នកចូលរួមប្រមាណជាង​ ៤០០នាក់ ក្រោយបញ្ចប់ការសាងសង់ នៅអំឡុងខែមេសា ឆ្នាំ២០២៤នេះ។

ទន្ទឹមនេះ​ អគារស្នាក់ការគណបក្សថ្មីនេះបង្ហាញពីការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមការងារចំពោះការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិកគណបក្សនៅទូទាំងស្រុកព្រះនេត្រព្រះនាពេលកន្លងមក បច្ចុប្បន្ន​ និងពេលអនាគត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner