និស្សិតកម្ពុជាបច្ចុប្បន្នកំពុងសិក្សានៅប្រទេសបារាំងជាង ៨០០នាក់ ខណៈអាហាររូបករណ៍”France Excellence”នឹងទទួលនិស្សិតកម្ពុជាយ៉ាងយូរមុនថ្ងៃ២៦ ខែមករានេះ
(ភ្នំពេញ)៖ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសអំពីការទទួលពាក្យអាហាររូបករណ៍”France Excellence”ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នៅប្រទេសបារាំង ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតដោយចាប់ផ្តើមតាំងតែពីខែធ្នូ ហើយយ៉ាងយូរបំផុតឱ្យបានមុនថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥។
បើយោងតាមសេចក្តីប្រកាសនេះដែរ ស្ថានទូតបារាំងបានបញ្ជាក់អំពីអាហារូបករណ៍ដែលមានមុខជំនាញសំខាន់ៗមួយចំនួនដូចជា មុខជំនាញនីតិសាស្ត្រ វិទ្យាសាស្ត្រមនុស្សសាស្ត្រ និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្ត្រវិស្វករ និងសិល្បៈ។
គួររំលឹកថាកាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីFrance Excellenceនេះពីស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្ថានទូតបារាំងបានលើកឡើងអំពីការសិក្សានៅប្រទេសបារំាងនេះដែរគឺនិស្សិតអាចនឹងមានឱកាសសិក្សានៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗ នឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។
ឯកអគ្គរដ្ឋទូតបារាំងលោក Jacques Pellet បានឱ្យដឹងនាថ្មីៗកន្លងមកថាបច្ចុប្បន្ននិស្សិតកម្ពុជាបានសិក្សានៅប្រទេសបារាំងមានចំនួនសរុប៨០០នាក់ និង ជារៀងរាល់ឆ្នាំមាននិស្សិត១០០នាក់បានទទួលអាហាររូបករណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
លោកថាប្រទេសបារាំងគឺជាស្ថិតនៅក្នុងប្រទេសសំខាន់ លើវិស័យអប់រំ ហើយម្យ៉ាងវិញទៀតការសិក្សានៅប្រទេសបារាំងក៏ជាវប្បធម៌មួយបែបផ្សេងទៀត។ដោយឡែសម្រាប់តម្លៃសិក្សានេះដែរគឺសមរម្យដោយសារស្ថាប័នអប់រំនៅប្រទេសបារាំង តែងលើកស្ទួយ និង ជួយជ្រោមជ្រែងយ៉ាងច្រើនដល់សិស្ស-និស្សិត។
លោកបានបញ្ជាក់ប្រាប់ដែរថាសម្រាប់និស្សិតខ្មែរដែលតែងជ្រើសរើសទៅរៀនប្រទេសបាំរាំងភាគច្រើនទៅលើមុខវិជ្ជា ពេទ្យ ច្បាប់ គ្រង់គ្រង វិស្វកម្ម ជាដើម។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាផ្តោតយកចិត្តទុកដាក់ទៅលើការៀនមុខវិជ្ជាបច្ចេកវិទ្យា និង បញ្ញាសម្បនិម្មិតឬហៅថា AIពីព្រោះថាការសិក្សាមុខវិជ្ជាទាំងនេះនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ។
ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងដោយលើកទឹកចិត្តដល់យុវជនគួរទៅរៀននៅសហភាពអឺរ៉ុប ដើម្បីទទួលបានជំនាញ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕
ដោយ ៖ ម៉ាដេប៉ូ