រដ្ឋចំនួន៧ របស់អាមេរិកប្រកាសអាសន្នពីព្យុះរដូវរងា
បរទេស៖ ព្យុះរដូវរងានៅអាមេរិក បានសម្លាប់មនុស្ស ៥នាក់ហើយ ខណៈដែលរដ្ឋចំនួន៧ បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្ន ហើយ មនុស្សជាង៦០លាននាក់ នៅទូទាំងរដ្ឋចំនួន៣០ បានស្ថិតនៅក្រោមការជូនដំណឹង អំពីអាកាសធាតុ នេះបើតាមសេវាអាកាសធាតុជាតិ របស់អាមេរិក ហៅកាត់ NWS។
NWS បានចេញការព្រមានថា តំបន់មួយចំនួនមានហានិភ័យ ក្នុងការមើលឃើញពីការធ្លាក់ព្រិលខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេលយ៉ាងហោចណាស់ មួយទសវត្សរ៍។ ព្យុះនេះបានផ្តើមមាន ពាសពេញសហរដ្ឋអាមេរិក តាំងពីថ្ងៃសៅរ៍មក ដោយបង្កើតឲ្យមានការធ្លាក់ព្រិល និងទឹកកក យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យស្ថានភាពផ្លូវ កាន់តែមានគ្រោះថ្នាក់។
សេវាអាកាសធាតុជាតិរបស់អាមេរិក NWS បានព្រមានពីកន្លែង ដែលមានព្រិលធ្លាក់ដ៏ខ្លាំង ចាប់ពីរដ្ឋ Kansas និង Missouri ទៅ រដ្ឋ New Jersey ។
ប្រភពបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទ រដ្ឋ Maryland រដ្ឋ Missouri រដ្ឋ Arkansas រដ្ឋ Kansas រដ្ឋ Virginia រដ្ឋ West Virginia និងរដ្ឋ Kentucky បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដើម្បីឆ្លើយតបនឹងព្យុះនេះ។
អភិបាលរដ្ឋ Maryland លោក Wes Moore បានជំរុញអ្នកស្រុក ចៀសវាងការធ្វើដំណើរការនៅតាមដងផ្លូវ បើមិនមានការចាំបាច់៕
ប្រភពពី MSN ប្រែសម្រួល៖ សារ៉ាត