ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមី ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបាននិងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner