កិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ (FAO)
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះបានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្ម ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថាកម្មវិធីនេះ ត្រូវផ្តោតទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលកម្ពុជារួមមាន ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានា។
ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង និងមានការទទួលស្គាល់ជាផ្លូវការពិតប្រាកដនូវការរៀបចំនៃកម្មវិធី (CAFE-2025) ខាងលើនេះ៕
ប្រភព ៖ ក្រសួងកសិម្ម



