រដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូងសុំលាឈប់ ជុំវិញការផ្ទុះយន្តហោះ

បរទេស ៖ លោក Park Sang-woo រដ្ឋមន្ត្រីដឹកជញ្ជូន នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានស្នើសុំលាលែងពីដំណែង ជុំវិញការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air។

លោក Park រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន កូរ៉េខាងត្បូង ស្នើឱ្យ «ចាត់វិធានការសមស្រប» ជុំវិញការធ្លាក់យន្តហោះ Jeju Air កាលពីពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមនុស្ស ១៧៩ នាក់ស្លាប់។

លោកបាននិយាយថា «ក្នុងនាមជារដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកសុវត្ថិភាពអាកាសចរណ៍ ខ្ញុំមានអារម្មណ៍ទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះសោកនាដកម្មនេះ»។

អ្នកនាំពាក្យក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានប្រាប់ AFP បន្ថែមថា ការលើកឡើងរបស់ លោក Park គឺ សំដៅលើការស្នើសុំលាលែងពីតំណែង របស់លោករដ្ឋមន្ត្រី។

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែកំពុងស៊ើបអង្កេតរកមូលហេតុ នៃការផ្ទុះ ឆេះ យន្តហោះ Jeju Air ក្នុងពេលចុះចត។ ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យ បឋមថា អាចបណ្តាលមកពីការវាយប្រហាររបស់បក្សី, ឧបករណ៍ចុះចតមានបញ្ហាបច្ចេកទេស និង បញ្ហារបាំងផ្លូវរត់។

ក្រុមហ៊ុន ​Jeju Air បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយជើងហោះហើរអន្តរជាតិ ចំនួន១៨៨ជើង ដែលចាកចេញពីទីក្រុង​ Busan​ ក្នុងត្រីមាសទីមួយ នៃឆ្នាំនេះ ដើម្បីបង្កើនសុវត្ថិភាព ប្រតិបត្តិការ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner