ចិនដាក់ពង្រាយផ្កាយរណបជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដី
ប៉េកាំង ៖ ប្រទេសចិនបានដាក់ពង្រាយផ្កាយរណបចាប់សញ្ញាពីចម្ងាយជាច្រើន ដើម្បីចាប់យករូបភាពនៃតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនៅក្នុងតំបន់ស្វយ័ត Xizang ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីការរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារតំបន់ Dingri កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។
ផ្កាយរណបចំនួន៨ រួមទាំងផ្កាយរណបស៊េរី Gaofen និងផ្កាយរណបត្រួតពិនិត្យកាបូននៃប្រព័ន្ធអេកូឡូស៊ី ត្រូវបានចិនដាក់ពង្រាយ ដើម្បីសង្កេតមើលតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដី នេះបើយោងតាមមជ្ឈមណ្ឌល China Center for Resources Satellite Data and Application។
គិតត្រឹមរសៀលថ្ងៃអង្គារសប្តាហ៍នេះ ផ្កាយរណបបានថតរូបភាពបានចំនួន៨លើក។ មជ្ឈមណ្ឌលនេះបាននិយាយថា ខ្លួននឹងរៀបចំផ្កាយរណបបន្ថែមទៀត ដែលមានគុណភាពបង្ហាញរូបភាពខ្ពស់ ដើម្បីថតរូប និងផ្តល់ព័ត៌មានបានត្រឹមត្រូវបន្ថែមទៀត អំពីស្ថានភាពក្រោយគ្រោះរញ្ជួយដី។
មជ្ឈមណ្ឌលកម្មវិធីចាប់សញ្ញាផ្កាយរណបពីចម្ងាយ ដែលស្ថិតក្រោមក្រសួងធនធានធម្មជាតិ ក៏បានចល័តផ្កាយរណបយ៉ាងតិចចំនួន៣ផងដែរ ដើម្បីចាប់យករូបភាពនៃតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី។ គិតត្រឹមម៉ោង ៧យប់ថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុបចំនួន ១២៦នាក់បានស្លាប់ និង ១៨៨នាក់ផ្សេងទៀតរងរបួស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា