Trump ៖ សមាជិកណាតូគួរបង្កើនចំណាយការពារជាតិដល់៥%នៃGDP
បរទេស ៖ លោក Donald Trump កាលពីថ្ងៃអង្គារ បានជំរុញបណ្តាប្រទេសជាសមាជិកសម្ព័ន្ធយោធាអន្តរជាតិ «ណាតូ» បង្កើនការចំណាយ លើវិស័យការពារជាតិ ឲ្យកើនឡើងដល់ ៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP ដោយគូសបញ្ជាក់ថា ពួកគេកំពុងចាយតិចជាង ការចំណាយការពារជាតិ របស់សហរដ្ឋអាមេរិក។
លោក Trump មានការសង្ស័យ ជាយូរមកហើយ ចំពោះអង្គការណាតូ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោក លើកទី២។ ជាក់ស្តែង កាលពីខែមុន លោក Trump ថែមទាំងបានរំលឹកឡើងវិញ នូវការគំរាមកំហែង ឲ្យអាមេរិកចាកចេញពីសម្ព័ន្ធមិត្តនេះ ប្រសិនបើសមាជិករបស់ខ្លួន មិនបង្កើនការចំណាយ ទៀតផង។
ប្រទេសចំនួន៣២ របស់សម្ព័ន្ធភាពឆ្លងអាត្លង់ទិកមួយនេះ កាលពីឆ្នាំ២០២៣ បានកំណត់កម្រិតអប្បបរមា សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចំនួន២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានធ្វើឱ្យអង្គការណាតូ ពង្រឹងផ្នែកខាងកើតរបស់ខ្លួន និងបង្កើនការចំណាយ។
ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump បានប្រាប់អ្នកយកព័ត៌មានថា «ពួកគេទាំងអស់គ្នាអាចមានលទ្ធភាព គួរតែមានចំនួន៥ ភាគរយ មិនមែន២ភាគរយ នោះទេ»។
ជាមួយគ្នានេះ ប្រធានអង្គការណាតូ លោក Mark Rutte ធ្លាប់បាននិយាយដូចគ្នា ទៅនឹងលោក Trump កាលពីខែមុន ផងដែរថា «យើងនឹងត្រូវការច្រើនជាងពីរភាគរយ»។ លោក Rutte ក៏បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុប មិនបានរៀបចំខ្លួន ត្រៀមសម្រាប់ការគំរាមកំហែង នៃសង្គ្រាម នាពេលអនាគត ជាមួយរុស្ស៊ីទេ ដោយលោកអំពាវនាវឱ្យប្រទេសទាំងនោះ «បញ្ចូលថាមពល» ការចំណាយ លើវិស័យការពារជាតិ របស់ពួកគេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត